រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA ចុះពិនិត្យគម្រោងសាកល្បងរៀបចំ មាត់ស្ទឹងសៀមរាប ដើម្បីត្រៀមទទួលពិធីបុណ្យអុំទូក

រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA ចុះពិនិត្យគម្រោងសាកល្បងរៀបចំ មាត់ស្ទឹងសៀមរាប ដើម្បីត្រៀមទទួលពិធីបុណ្យអុំទូក

សៀមរាប៖ក្រុមការងាររដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គភាពពាក់ព័ន្ធ នៅថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៦ បានចុះពិនិត្យ និងផ្ទៀងផ្ទាត់លម្អិតលើទីតាំងអនុវត្តគម្រោងសាកល្បងរៀបចំមាត់ស្ទឹងសៀមរាប ដើម្បីធានាឱ្យបាននូវសោភ័ណភាព និងរបៀបរៀបរយ ត្រៀមលក្ខណៈសម្បត្តិស្វាគមន៍ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាពេលខាងមុខ។

គម្រោងសាកល្បងនេះ មានគោលបំណងបង្កើនភាពទាក់ទាញ និងជំរុញឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកដើរកម្សាន្តតាមដងស្ទឹងឱ្យកាន់តែច្រើនកុះករ។ តាមរយៈគម្រោងនេះ តំបន់មាត់ស្ទឹងនឹងត្រូវរៀបចំឡើងវិញតាមបែបបៃតងដោយមានការតុបតែងសួនច្បារ ដាំរុក្ខជាតិបន្ថែម បំពាក់ប្រព័ន្ធភ្លើងបំភ្លឺសោភ័ណភាព ដំឡើងផ្ទាំងបង្ហាញឌីជីថលសម្រាប់ផ្តល់ព័ត៌មានផ្សេងៗ ព្រមទាំងបង្កើតកន្លែងថតរូប និងទីតាំងអង្គុយលេងលំហែកាយ។

យោងតាមផែនការ រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA កំពុងសិក្សារចនាតំបន់នេះ ដែលមានប្រវែងប្រមាណ ១០០ម៉ែត្រដោយចាប់ផ្ដើមពីគល់ស្ពានព្រះរាជដំណាក់ឆ្ពោះទៅទិសខាងត្បូង។

សូមបញ្ជាក់ផងដែរថា ក្នុងការចុះពិនិត្យនោះ ក៏មានការចូលរួមពីតំណាងសង្កាត់សាលាកំរើក រដ្ឋាករទឹកស្វ័យតខេត្តសៀមរាប និងអគ្គិសនីកម្ពុជា ផងដែរ ដើម្បីសហការពិនិត្យលើប្រព័ន្ធបច្ចេកទេសពាក់ព័ន្ធ។ ក្រុមការងារគម្រោងគ្រោងនឹងបើកិច្ចប្រជុំពិភាក្សាបន្ថែមទៀតជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីសម្រេចជម្រើសរចនាលម្អិតជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ

You might like

Leave a Reply

Your email address will not be published. Required fields are marked *