ជាន់ខ្ពស់ក្រសួងសាធារណការ៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍសេវាដឹកជញ្ជូនចម្រុះបែបបរិយាបន្ន ទំនើប និងសុវត្ថិភាពជាអាទិភាពគន្លឹះ

ជាន់ខ្ពស់ក្រសួងសាធារណការ៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍសេវាដឹកជញ្ជូនចម្រុះបែបបរិយាបន្ន ទំនើប និងសុវត្ថិភាពជាអាទិភាពគន្លឹះ

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការអភិវឌ្ឍសេវាដឹកជញ្ជូនចម្រុះទាំងរដ្ឋ និងឯកជនឱ្យមានភាពទំនើប សុវត្ថិភាព ផាសុកភាព និងមានបរិយាបន្ន គឺជាអាទិភាពដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការធ្វើដំណើរ និងសម្រួលការបម្លាស់ទីជូនសាធារណជនទូទៅ ក៏ដូចជាជនងាយរងគ្រោះ។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារសកម្មភាពជនពិការ ក្នុងសិក្ខាសាលារកធាតុចូលការកែសម្រួលប្រកាសស្តីពីសញ្ញាសម្គាល់រថយន្តធ្វើអាជីវកម្មដឹកជញ្ជូន និងការរចនាជាសកល និងការអភិវឌ្ឍប្រកបដោយបរិយាបន្ននៅក្នុងសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោក និងផ្លូវដែកដែលរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។

ឯកឧត្តម មាស ម៉ូនីកា មានប្រសាសន៍ថា បច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវដែក បន្តរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានបោះជំហានថ្មីមួយទៀតក្នុងការការពង្រីកគុណភាពសេវា ដើម្បីបម្រើសេចក្ដីត្រូវការរបស់សាធារណជន។ ក្នុងន័យនេះ ក្រសួងយកចិត្តទុកដាក់គិតគូរបន្ថែមទៀត ក្នុងការលើកកម្ពស់បរិយាបន្នដល់មនុស្សវ័យចាស់ និងជនមានពិការភាព ឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយមិនបានទុកបងប្អូនជនងាយរងគ្រោះឱ្យនៅដាច់ឆ្ងាយពីសង្គមជាតិឡើយ ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមអនុរដ្ឋលេខាធិកា បានបន្ថែមថា ការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រើប្រាស់សេវាដឹកជញ្ជូនចម្រុះ គឺជាផ្នែកដ៏សំខាន់មួយ នៃដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ច របស់ប្រទេសជាតិទាំងមូល។ ជាពិសេសជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ន និងចូលរួមជាមួយរាជរដ្ឋាភិបាលសម្រេចឱ្យបាននូវគោលដៅប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក លី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ដែរថា ក្នុងនាមខេត្តសៀមរាប ជាតំបន់ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់ ការមានប្រព័ន្ធដឹកជញ្ជូនសាធារណៈប្រកបដោយសុវត្ថិភាព គុណភាព និងបរិយាបន្ន គឺជារឿងចាំបាច់បំផុត។លោកបានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះ គឺស្របគ្នាយ៉ាងសុក្រឹតទៅនឹង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលផ្ដោតលើ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»

លោកបន្តថា ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងលទ្ធផលជាក់ស្ដែង លោកបានស្នើឱ្យមានការអនុវត្តនូវវិធានការគន្លឹះចំនួន៤រួមមាន៖ រៀបចំបទដ្ឋានបច្ចេកទេសធានាថា មធ្យោបាយដឹកជញ្ជូន និងស្ថានីយចំណតមានជម្រាល ផ្លូវដើរសម្រាប់ជនពិការភ្នែក និងកៅអីអាទិភាពសម្រាប់ជនមានពិការភាព មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ។ កំណត់សញ្ញាសម្គាល់រថយន្តអាជីវកម្មដឹកជញ្ជូនឱ្យបានច្បាស់លាស់ ងាយចំណាំ ដើម្បីទប់ស្កាត់អាជីវកម្មខុសច្បាប់ ព្រមទាំងបង្កើនទំនុកចិត្ត និងសុវត្ថិភាពជូនភ្ញៀវទេសចរ។ សហការរៀបចំយុទ្ធនាការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រតិបត្តិករ និងប្រជាពលរដ្ឋ ព្រមទាំងមានយន្តការតាមដានការអនុវត្តឱ្យបានម៉ឺងម៉ាត់។ ជាពិសេស ភាគីពាក់ព័ន្ធទាំងអស់ រួមមានក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការតំណាងជនពិការនិងវិស័យឯកជន ត្រូវបន្តធ្វើការរួមគ្នាជាធ្លុងមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្ដែង៕

អត្ថបទ៖ លោក ទ្រា ពន្លឺ

កែសម្រួល៖ លោក អ៊ុន ណារាជ្យ

You might like

Leave a Reply

Your email address will not be published. Required fields are marked *