10,08,2026
ព្រះសង្ឃក្នុងខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភជូនដល់កងទ័ពការពារព្រំដែនក្នុងខេត្តព្រះវិហារ
ក្នុងស្មារតីសាមគ្គីជាតិ និងដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ កាលពីរព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ ព្រះគ្រូចៅអធិការតាមបដាវត្តនឹងលោកតា លោកយាយ ញាតិពុទ្ធបរិស័ត ក្នុងខេត្តសៀមរាប បាននិមន្ត និងចូលរួម នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនជូនដល់បងប្អូនកងទ័ពជួរមុខដោយផ្ទាល់។
ព្រះយសោធរញ្ញាណ ឡោម សុឈាត ព្រះចៅអធិការវត្ត ព្រះសិអារ្យ មានថេរដីកាថា សកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះ បានស្ដែងឱ្យឃើញពីការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាង «ពុទ្ធចក្រ និងអាណាចក្រ» ជាពិសេសគឺទឹកព្រះទ័យរបស់ព្រះសង្ឃខ្មែរ និង ពុទ្ធបរិស័ទដែលតែងតែគិតគូរ និងដឹងគុណចំពោះវីរភាពរបស់កងទ័ពជួរមុខ ដែលបានលះបង់កម្លាំងកាយចិត្ត សេចក្ដីសុខផ្ទាល់ខ្លួន ក្នុងការការពារបូរណភាពទឹកដី និងសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋនៅផ្ទៃក្នុងប្រទេស។
ព្រះអង្គមានថេរដីការ បញ្ជាក់ថា ទោះបីជាអំណោយទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាសេចក្ដីជ្រះថ្លា និងជាទឹកចិត្តរួមគ្នារវាងព្រះសង្ឃ និង ពុទ្ធបរិស័ទ ដើម្បីជាកម្លាំងចិត្តដល់បងប្អូនកងទ័ពឱ្យដឹងថា ប្រជាជននៅសមរភូមិក្រោយ តែងតែនៅក្បែរនិងគាំទ្របងប្អូនសមរភូមិមុខជានិច្ច។
តំណាងកងទ័ពនៅជួរមុខ បានសម្ដែងនូវសេចក្ដីត្រេកអរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះទ័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គនិង ពុទ្ធបរិស័ទទាំងអស់។ ទឹកចិត្តដ៏ថ្លៃថ្លានេះ គឺជាការជួយជំរុញស្មារតីបងប្អូនយុទ្ធជនឱ្យកាន់តែមានសេចក្ដីក្លាហាន និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ៕

